យើងជាពុទ្ធបរិស័ទ ជំនឿនិងទង្វើទាំងឡាយណា ដែលវិទ្យាសាស្ត្រ ឬ អ្នកដទៃគេនិយាយថាយើងខុស យើងត្រូវផ្ទៀងផ្ទាត់តាមធម៌វិន័យឲ្យបានត្រឹមត្រូវ បើយើងពិតជាខុសមែន យើងផ្លាស់ប្តូរវាចេញទៅ យើងគ្មានសិទ្ធខឹងសំបារជាមួយអ្នកដទៃទេ ប៉ុន្តែបើយើងត្រឹមត្រូវទេហើយគេបំពាន យើងក៏មិនត្រូវខឹងនឹងគេដែរ ត្រូវបន្តបវេណីរបស់យើងបន្តទៅទៀត បើឋិតក្នុងករណីចាំបាច់ណាមួយតំរូវឲ្យយើងមានការពន្យល់បកស្រាយ យើងក៏ពន្យល់ដោយមេត្តាចិត្ត ក្នុងប្រវត្តិពុទ្ធសាសនាមិនមានបុគ្គលណាមួយផ្តល់គំរូជាអ្នកជេរប្រមាទតបតទៅបុគ្គលផ្សេងទៀតឡើយ !មានដូចគំរូដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ លោកព្យាយាមចូលជួបដោះស្រាយវិវាទសាសនាជាមួយស្តេចបសេនទិកោសល្យ សម័យដែលព្រះរាជាទ្រង់អនុញ្ញាត្តិឲ្យសាសនាព្រាហ្មណ៍ មកសង់វត្តជាប់របងវត្តពុទ្ធសាសនា ដែលជាការពុំគួរ ព្រោះនាំឲ្យមានជំលោះសាសនានៅថ្ងៃខាងមុខ ។ សន្តិភាព ចរិយាធម៌ មេត្តាករុណានិងបញ្ញា សច្ចៈធម៌គឺជាអាវុធតែមួយគត់ដែលពុទ្ធបរិស័ទបានប្រើយកជ័យជំនះបានគ្រប់ទិសទី ។

