តើទាល់តែលះទុក្ខឬទើបជីវិតមានក្តីសុខពិតប្រាកដ ? ទៅលះទុក្ខម្តេចបានអស់ទៅ បើទុក្ខនៅជាប់ជាមួយខ្លួនយើងជានិច្ចនោះ ? ត្រូវព្យាយាមលះហេតុនៃទុក្ខ រួចហើយហ្វឹកហាត់ចិត្តដោយការពិចារណាឲ្យយល់ពីទុក្ខ ដើម្បីអាចទទួលយកបញ្ហាទុក្ខយកមកដោះស្រាយដោយការមិនប្រតិកម្មចិត្ត ។ បើពេលជួបទុក្ខ យើងនៅតែប្រតិកម្មចិត្ត ភ័យ ព្រួយ ខឹងសំបារ តក់ស្លុត អាល័យ .....យើងនៅតែមិនរួចពីទុក្ខដដែលទេ ។ សីលជួយលះហេតុនៃទុក្ខ សមាធិជាន់សង្កត់ការរំជួលចិត្តដោយសារទុក្ខ វិបស្សនាដើម្បីយល់ដឹងពីបញ្ហាទុក្ខ ហាក់បីដូចជា គ្របពាងគឺជាសីល ពាងគឺជាសមាធិ ការដុសលាងសម្អាតពីខាងក្នុងជាវិបស្សនា ខ្វះកិច្ចការណាមួយពាងមិនអាចស្អាតបានទេ ។

