រមណីយដ្ឋានទឹកធ្លាកអូរតាវ៉ៅ តំបន់នេះមានទីតាំងស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ខ័ណ្ឌប៉ៃលិន កំពុងទាក់ទាញទេសចរជាតិនិងអន្តរជាតិទៅទស្សនាតំបន់ដ៏ស្រស់បំព្រងមួយនេះយ៉ាងខ្លាំង។
តំបន់ធម្មជាតិនៅភាគខាងលិចនៃដែនដីសុវណ្ណភូមិនេះ មានទឹកធ្លាក់រហូតដល់ទៅ៧ជាន់ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណ៧គីឡូម៉ែត្រពីទីរួមខេត្តប៉ៃលិន។
រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ មានជ្រោះទឹកហូរធ្លាក់បែកផ្កាត្រែងលើល្បាក់ថ្មដាយ៉ាងខ្ពស់ មានខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងយ៉ាងសប្បាយរីករាយក្រៃលែង។ បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឱ្យមានកន្លែងអង្គុយលេងជាច្រើន មានខ្ចូសអង្គុយ ហើយអាហារលក់ដូរមិនថ្លៃនោះទេ។ ជាមួយគ្នានេះ មានកន្លែងសម្រាប់ទុកដាក់យានយន្ត ដោយមានសន្តិសុខយាមកាមយ៉ាងល្អ មិនព្រួយបារម្ភពីការបាត់បង់ឡើយ។
កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២១ មន្ទីរឣង្គភាពពាក់ព័ន្ធ បានចុះពិនិត្យមើលការស្ថាបនាផ្លូវទៅកាន់រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព សម្តៅទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់ក្រុមការងារប្រចាំការនៅរមណីយដ្ឋានខាងលើ ត្រូវចេះរួសរាយរាក់ទាក់ មានស្នាមញញឹមជានិច្ច និងកុំប្រើពាក្យសម្តីមិនពិរោះទៅកាន់ភ្ញៀវទេសចរឡើយ។
សូមជម្រាបថា ដើម្បីទៅដល់រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» គេត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥៧ រហូតដល់ស្ពានថ្មអូរតាវ៉ៅ ហើយឡើងទៅប្រមាណជា១០០ម៉ែត្រទៀត។ គេនឹងឃើញផ្លាកសញ្ញាបង្ហាញទីតាំងត្រង់ម្ដុំផ្លូវបំបែកភូមិកូនខ្លុងពីខាងឆ្វេងដៃ។ គេក៏ត្រូវជិះបត់ចូលទៅប្រមាណ៧គីឡូម៉ែត្រទៀត ទើបដល់ទីតាំងគួរជាទីមនោរម្យខាងលើនេះ៕

