ល្បែងក្នុងសាសនាមានបីប្រភេទ ៖

T

១- ល្បែងភក្តីភាពៈ ស្លាប់តកូនតចៅដឹងតែពីនាំគ្នាជឿនាំគ្នាស្មោះត្រង់ឥតងាករេទាំងមិនដឹងថាជំនឿរបស់ខ្លួននោះម្ចាស់សាសនានិយាយពីអ្វីខ្លះទេ ? ម៉្ងៃៗដឹងតែពីខ្លាចបាបងងឹតឈឹង ខុសក៏មិនដឹងត្រូវក៏មិនដឹងដូចស្វាបានដូងតែមិនដឹងថាដូងនោះមានរសជាតិបែបណាឡើយ ចេះតែហុចតៗគ្នាឲ្យគោរព ។ បិដកទុកដាក់ក្នុងទូរៀបចំផ្កាភ្ញីនាំកូនចៅថ្វាយបង្គំពីខាងក្រៅមិនដែលហ៊ានបើកអានព្រោះខ្លាចបាប ។ នាំគ្នាជឿងាប់ស្តូក ជឿផ្កាប់មុខ ទីបំផុតនៅពេលជួបការលំបាកខ្លាំងកូនចៅនាំគ្នារត់ចោលដូនតាទៅរកជំនឿមិនសមហេតុផលដោយមិនដឹងខ្លួន ។
២- ល្បែងរំជួលចិត្តៈ នៅពេលបានឃើញពិធីគិតតែពីនាំគ្នាព្រឺរោមព្រឺស្បែកស្រក់ទឹកភ្នែក ដោយមិនដឹងថាពិធីនោះត្រឹមត្រូវដែរឬទេ ? ទៅជ្រះថ្លានឹងភ្លេង នឹងសម្លេង ជ្រះថ្លានឹងសំនួនវោហារអញ្ជើញឥន្ទ្រព្រហ្ម ទេព្រ័ក្សអ្នកតាឯណាឯណីទៅវិញ ត្រង់អរិយសច្ចៈ ត្រៃល័ក្ខណ៍ បដិច្ចសមុប្បាទ ទៅជានាំគ្នាគិតថា ចេះនាំធ្ងន់ ចេះនាំជាប់ ទំលាក់ចោលទៅ ! ។
៣- ល្បែងឈ្លាសវៃៈ ខ្លះបានចេះធម៌មិនយកមកប្រតិបត្តិក្នុងជីវិតឲ្យបានល្អត្រឹមត្រូវទេ បែរជាយកចំណេះនេះទៅសាកសួរដេញដោលកាច់កុងយកឈ្នះចាញ់បំបាក់មុខគ្នា ដើរសាកសួរផ្ទុញផ្ទាល់ផ្ចាញ់ផ្ចាលគ្នាបើកផ្លូវនរកឲ្យខ្លួនឯងដោយមិនដឹងខ្លួនទៅវិញ ។ ល្បែងបីយ៉ាងនេះតែងមានក្នុងសាសនា ដែលបរិស័ទល្អតែងបោះបង់ចោលមិនដែលប្រព្រឹត្តិឡើយ ។ 

Comments