នៅពេលអ្នកត្រូវព្រួញមួយគ្រាប់ចំដើមទ្រូង អ្នកឈឺចាប់ជាមួយព្រួញមួយដើមនោះទៅបានហើយ បើអ្នកប្រតិកម្មចិត្តបន្ថែមទៀត អ្នកខឹង អ្នកសងសឹក ឬ តូចចិត្ត មួរម៉ៅក្តៅក្រហាយ នោះអ្នកដូចត្រូវគ្រាប់ព្រួញដប់ដើមបន្ថែមទៀត ឈឺចាប់ផ្ទួនៗលើសដើមជាមិនខាន « ខាតកាន់តែធំ »។ បាត់បង់របស់ដូចត្រូវមួយលំពែងរួចទៅហើយ ទៅក្តៅក្រហាយជេរប្រទេចផ្តាសារដូចត្រូវភ្លើងឆេះក្បាលបន្ថែមទៀត ! ត្រូវសង្សារបោះបង់ចោល ខ្ទេចបេះដូងមួយអស់ទៅហើយ នៅដេកឈឺចាប់ឲ្យរលួយខួរ រហូតបោះបង់ខ្លួនឯងចោលទៀត សមណាស់? ចាញ់គេដូចជាដាច់ដៃស្តាំមួយទៅហើយ ដេកកើតទុក្ខបន្ថែមទៀតដូចត្រូវមួយលំពែងធ្លាយទ្រូង « អ្នកបានត្រឹមតែទទួលការបាត់បង់ នៅពេលណាអ្នកមានការប្រកួតប្រជែង » ។ បញ្ហាដែលអ្នកបានជួបមិនមែនជាបញ្ហាពិតទេ គឺប្រតិកម្មចិត្តរបស់អ្នកទៅនឹងបញ្ហាឯណោះទេទើបជាបញ្ហាពិតប្រាកដ ។ សមាធិមិនមែនមានន័យថា ជាការវាយប្រយុទ្ធជាមួយបញ្ហានោះទេ សមាធិមានន័យថា សង្កេតពិនិត្យពិចារណាទៅលើបញ្ហាទាំងអស់ ដើម្បីរក្សាចិត្តកុំឲ្យមានប្រតិកម្មជាមួយបញ្ហា ! ! ! សូម្បីតែដឹងថា ខ្លួននឹងត្រូវស្លាប់ក៏ដោយ ! ។

