ជូនអ្នកដែលកំពុងតែវង្វេងជាមួយខ្លួនឯង និង វង្វេងភ្លេចខ្លួនឯង !
សេពគប់ជាមួយព្រះធម៌គេអាចមានសុភមង្គលបាន អ្នកណាដែលមិនយល់ពីសេចក្តីស្លាប់ ជីវិតគេមានការយល់ច្រឡំធំណាស់ ! គេត្រូវតែសិក្សាពីជីវិត ។ បើជីវិតនេះជារបស់យើង នោះវាត្រូវតែប្រតិបត្តិតាមបទបញ្ជារបស់យើង ! តែវាមិនស្តាប់បង្គាប់យើងឡើយ ហេតុនេះជីវិតមិនមែនជារបស់យើងទេ ។ ព្រោះតែជីវិតនេះមិនមែនជារបស់យើង ទើបយើងត្រូវថែទាំវាកុំឲ្យវាទៅចោលយើង ហើយត្រូវប្រៀនប្រដៅវាឲ្យបានល្អ កុំឲ្យខូចថ្លៃកំណើតមនុស្ស កុំកើតមកហើយបំព្រៃលោក ។ រូបនេះដូចជាផ្ទះជួល យើងមិនមែនជាម្ចាស់វាទេ យើងនឹងត្រូវចាកចេញទៅនៅថ្ងៃណាមួយតាមកិច្ចសន្យា នេះជាសេចក្តីពិតចុងក្រោយរបស់យើង ។ អ្វីៗគ្រាន់តែជារឿងបណ្តោះអាសន្ន ដើម្បីយល់ពីខ្លួនឯង គេត្រូវយល់ពីហេតុផល យល់ពីបច្ច័យផ្សេងៗរបស់ជីវិត នៅពេលមានការយល់ដឹងពីខ្លួនឯងហើយ នោះបន្ទុកក្នុងជីវិតត្រូវបានដកចេញ ។ ជីវិតគ្រួសារ ការងារ អ្វីគ្រប់យ៉ាង គឺកាន់តែងាយស្រួល បើយើងមើលឃើញហួសពីខ្លួនឯង ដោយការមិនប្រកាន់ខ្ជាប់ ទុក្ខកង្វល់នឹងស្រាលចុះ ឯសុភមង្គលបានចាប់ផ្តើមឡើង ! សេរីភាពគឺនៅទីនេះ ឥឡូវនេះដោយការអភិវឌ្ឍ ទាន សីល ភាវនានេះឯង !

