អន្លង់ទឹកធំៗនៅក្នុងលោក ធំយ៉ាងណា ក៏មិនស្មើនឹងអន្លង់ភព ព្រោះអន្លង់ភពធំហើយជ្រៅដោយអន្លង់៤យ៉ាងទៀតគឺ អន្លង់កាម អន្លង់ទិដ្ឋិ(ការយល់ខុស) អន្លង់អវិជ្ជា និង អន្លង់ភព ។
១- អន្លង់កាមៈ ធម្មជាតិក្នុងខ្លួនសត្វមានកម្លាំងជំរុញឲ្យមានការទាមទារការរួមភេទ ការបន្តពួជ គឺមានស្រេចស្រាប់ពីកំណើតរៀងៗខ្លួន រួមទាំងកម្លាំងជំរុញពីខាងក្រៅ(យើងមិនស្រឡាញ់គេតែគេតាមស្រឡាញ់យើង)ដែលមិនងាយនឹងលោតរួច ។
២- អន្លង់ទិដ្ឋិគឺការយល់ខុសៈ យល់ថាស្លាប់ទៅសូន្យលែងកើតទៀត ស្លាប់ទៅកើតទៀតខ្លះមិនកើតទៀតខ្លះ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន(ចាក់ខ្សែ) ស្លាប់ហើយលែងកើតទៀតព្រោះបានទៅនៅជាមួយព្រះអាទិទេពហើយ ។ល។ ជាហេតុមិនអាចផ្តាច់ជាតិកំណើតដែលជាទុក្ខបាន ។
៣- អន្លង់អវិជ្ជាគឺសេចក្តីល្ងង់ មិនដឹងថាជាទុក្ខ មិនដឹងហេតុរបស់ទុក្ខ មិនដឹងថាទុក្ខអាចរំលត់បាន មិនដឹងពីវិធីរំលត់ទុក្ខ ។
៤- អន្លង់ភពៈ គឺធម្មជាតិស្រូបទាញរបស់ឋាមពលចិត្ត ដែលមិនអាចនៅក្រៅភពបាន ឲ្យតែចុតិ ត្រូវតែបដិសន្ធិ ។ ទើបភពបីមិនមានពេញ មិនមានទទេរយ៉ាងនេះឯង ។

