« បើចង់ធ្វើខ្លួនជាមនុស្សល្អ ចូរកុំយកខ្លួនទៅធៀបជាមួយមនុស្សអាក្រក់ ! »
នៅក្បែរបឹងឈូកមួយមានទេសភាពល្អប្រណីត មានតាបសមួយអង្គកំពុងតែអង្គុយសមាធិ ស្រាប់តែវាយោបក់ផាត់ក្លិនពិដោរផ្កាឈូកក្រអូបឈ្ងុយឈ្ងប់កាត់ខ្ទង់ច្រមុះតាបស លោកតាបានប្រឹងស្រូបយកក្លិនផ្កាយ៉ាងសំងាត់ចូលពេញដើមទ្រូង ពេលនោះរុក្ខទេវតានៅលើមែកឈើបានស្រែកថា ណែ ! តាបស ! អ្នកបានលួចក្លិនហើយ ! ។តាបសភ្ញាក់ព្រើត តបថា គ្រាន់តែអាត្មាហិតក្លិនឈូកបន្តិច អ្នកចោទថាអាត្មាលួច ចុះអ្នកកាច់ផ្កាឈូក មុជទឹកបេះទាំងផ្លែផងវាយ៉ាងម៉េចទៅវិញ ? ។ រុក្ខទេវតាតបថា អើ ! ក្រែងតាឯងចង់ក្លាយជាមនុស្សល្អឬ ? បើចង់ធ្វើខ្លួនជាមនុស្សល្អហើយរវល់តែប្រៀបធៀបខ្លួនជាមួយមនុស្សអាក្រក់នោះ ចប់ហើយតាអើយ ! បើចង់ធ្វើជាមនុស្សល្អ គេត្រូវធៀបខ្លួនជាមួយមនុស្សល្អមិនមែនទៅប្រៀបធៀបជាមួយមនុស្សអាក្រក់នោះទេតា ! តាបសរីករាយ ហើយពោលថា សូមទេវតាតាមជួយរំលឹកដល់អាត្មាផងពេលអាត្មាធ្វើខុស ទេវតាតបថា គ្មានអ្នកណានៅជាមួយចិត្តតាឯងរហូតទេ តាត្រូវចេះថែរក្សាចិត្តខ្លួនឯងទៅ ! ពោលហើយរុក្ខទេវតាក៏ចាកចេញទៅ ! ។

