ក្នុងការរកស៊ី ការបន្តអភិវឌ្ឍជំនាញ និងមូលដ្ឋានសំខាន់ណាស់។ ប៉ុន្តែសម្រាប់សហគ្រិនដែលទើបនឹងចាប់ផ្តើម ការរៀនបន្ថែមជារឿងពិបាកបំផុត ព្រោះគ្មានពេល (រវល់ធ្វើការងារគ្រប់មុខ) គ្មានថាមពល (ហត់ជាមួយការងារច្រើនពេក) គ្មានអារម្មណ៍ (រៀនមិនចូលព្រោះរបរកំពុងតែមិនសូវដំណើរការ និងមានបញ្ហាច្រើនត្រូវដោះស្រាយបន្ទាន់) ហើយសំខាន់បំផុតគ្មានទិសដៅ (មិនដឹងថាត្រូវពង្រឹងជំនាញអ្វី បច្ចេកទេស ឬទីផ្សារ ឬធនធានមនុស្ស ព្រោះមិនដឹងថាអ្វីជាបញ្ហាឲ្យប្រាកដដែលធ្វើឲ្យលក់បានតិចតួច)។
ពេលធ្វើបានមួយរយៈក៏ទៅមុខមិនរួចថយក្រោយមិនរួច មិនអាចទាំងឆ្លើយបានថា តើពេលណាដល់ពេលត្រូវបញ្ឈប់ទៅទៀត។ អញ្ចឹងហើយទើបមុននឹងចេញរកស៊ី គួរកសាងមូលដ្ឋានឲ្យមាំទាំបន្តិចសិន ដូចជាជំនាញបច្ចេកទេស ជំនាញធុរកិច្ច និងឥរិយាបថវិជ្ជមាន។ ហើយគ្រឹះសំខាន់បំផុតសម្រាប់ភាពគង់វង់យូរអង្វែងគឺគុណតម្លៃជាមនុស្ស។
អ្នករកស៊ីមួយចំនួន ពីដំបូងៗអាចរកត្រូវរបរណាមួយដោយចៃដន្យល្អ តែប៉ុន្មានឆ្នាំក្រោយមកក៏ប្រែជាក្រឡាប់ចក្រ ដោយសារការប្រកួតប្រជែងខ្លាំង របរហួសសម័យ គ្រប់គ្រងហិរញ្ញវត្ថុមិនសូវហ្មត់ចត់ និងជាពិសេសយកប្រាក់ចំណេញពីរបរជោគជ័យទៅខាតឡុងចុងនៅរបរ ៣ ៤ ៥ផ្សេង បន្តបន្ទាប់ដោយសារមោទនភាពថាធ្លាប់ជោគជ័យលើរបរមុនៗ។ នេះហើយជារឿងគ្រោះថ្នាក់ ទោះបីជាពេលនេះ គេអាចនឹងកំពុងទទួលផលពីជំនួញណាមួយក៏ដោយ។

