ភិក្ខុ៖ ញោមស្រី បើគ្រាន់តែដាក់បាត្រហេតុអ្វីបានជាសម្លឹងមើលអាត្មាយ៉ាងដូច្នេះ?
ញោមស្រី៖ ករុណាលោកម្ចាស់បានជាខ្ញុំករុណាមើលព្រះភក្ត្រព្រះអង្គ ពីព្រោះខ្ញុំករុណាចង់សួរសំណួរមួយ លោកម្ចាស់។
ភិក្ខុ៖ តើញោមស្រីមានសំណួរអ្វីចង់សួរ?
ញោមស្រី ៖ ករុណាម្ចាស់ ធ្លាប់ស្ដាប់ធម្មទេសនាថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ក៏ប៉ុន្តែខ្ញុំករុណាបានធ្វើការងារច្រើនជាងគេក្នុងគ្រួសារ ហើយក៏បានធ្វើសេចក្ដីល្អដល់មនុស្សជាច្រើននាក់ផងដែរ តើហេតុអ្វីសេចក្ដីល្អរបស់ករុណាមិនត្រូវបានគេមើលឃើញដូច្នេះ?
ភិក្ខុ៖ សាធុៗញោមស្រី គឺញោមស្រីធ្វើល្អហើយ ញោមស្រីត្រូវតែ
យល់ល្អថែមទៀត។
តើញោមស្រីស្គាល់មាសទេ? មាសគឺជាវត្ថុដ៏មានតម្លៃ បើយើងបាចគ្រាប់ស្រូវ ហើយនិងមាសទៅលើដីឱ្យមាន់រើស មាន់ប្រាកដជាមិនជ្រើសរើសយកមាសនោះឡើយ វាប្រាកដជាត្រេកអរចំពោះគ្រាប់ស្រូវ។
ប៉ុន្តែការមិនត្រូវការ មិនឱ្យតម្លៃរបស់មាន់ទៅលើមាសនោះ តើធ្វើឱ្យមាសនោះវាថោកដែរឬទេ?
គឺមិនមែនទេ មាសគឺនៅតែជាមាស តើហេតុអ្វីបានជាមាន់មិនត្រូវការ? ព្រោះកម្រិតរបស់មាន់ហ្នឹងវានៅទាប វាយល់តម្លៃរបស់មាសអត់បាន។ យ៉ាងណាមិញ សេចក្ដីល្អរបស់ញោមស្រី អ្នកដទៃមិនត្រេកអរជាមួយ អ្នកដទៃមិនឯកភាព មិនសរសើរ ប្អូនក៏ត្រូវធ្វើចិត្តឱ្យជ្រះថ្លា យល់ថាអ្នកទាំងនោះមានថ្នាក់នៃការយល់កម្រិតទាប ទើបមើលមិនឃើញពីសេចក្ដីល្អរបស់ញោមស្រីឧបមាប្រៀបដូចជាមាន់ដែលមានការយល់ដឹងកម្រិតទាបយ៉ាងដូច្នោះដែ។
ញោមស្រី ៖ សាធុ សាធុ សាធុ ! សូមអរព្រះគុណយ៉ាងក្រៃលែង តេជគុណម្ចាស់ ករុណាយល់ហេីយព្រះគុណម្ចាស់។

