រាគៈ ទោសៈ មោហៈវាជាអកុសលចិត្ត

U
ungsina

ជវនដែលកើតឡើងដោយអំណាចរាគៈ ទោសៈ មោហៈវាជាអកុសលចិត្ត ជវនដែលកើតដោយសទ្ធានិងបញ្ញាទើបជាកុសលចិត្ត ។ ព្រះរាជាជ័យសេន បានទូលសួរព្រះភូមិជៈដូច្នេះថាៈ ដើម្បីបានត្រាស់ដឹងមគ្គផលតើត្រូវធ្វើដូចម្តេចទៅព្រះអង្គ ? ។ ព្រះភូមិជៈឆ្លើយតបថា គឺត្រូវធ្វើដោយបំណង ធ្វើដោយមានការតាំងចេតនាច្បាស់លាស់ នឹងធ្វើដោយត្រឹមត្រូវទើបត្រាស់ដឹងមគ្គផលបាន ។ ស្តេចផ្ទុះសម្លេងខ្លាំងៗថាៈ បើដូច្នោះដូចជាសំពងក្បាលព្រាហ្មណ៍ដទៃហើយលោកម្ចាស់ ! ។ ព្រះភូមិជៈពន្យល់បន្តៈ បើបានធ្វើនូវបំណងហើយ(តាំងចេតនា) ប្រតិបត្តិខុសក៏មិនបានសម្រេចការត្រាស់ដឹងមគ្គផលដែរ មានសម្មាទិដ្ឋិ សម្មាវាយាមៈ សម្មាសមាធិ ទើបអាចត្រាស់ដឹងបាន ។
ពន្យល់ៈ ក្នុងកិច្ចបដិបត្តិលោកពោលតែពីជវន៧ខណៈ ព្រោះមានតែជវនទេដែលធ្វើកិច្ចសោយអារម្មណ៍កម្មដ្ឋាន ។ ដើម្បីបាននិព្វានគឺត្រូវមានការតាំងចេតនាប៉ងប្រាថ្នាជាមុន មិនមែនអត់ការប៉ងប្រាថ្នាទេ កុំយល់ខុសថា ការប្រាថ្នានិព្វានគឺជាកិលេសឲ្យសោះ(មានអ្នកនិយាយខុសថា ការប្រាថ្នានិព្វានគឺជាកិលេសតណ្ហា) តាំងចេតនាហើយ ធ្វើតាមមគ្គមានអង្គ៨ទើបត្រឹមត្រូវជាផ្លូវទៅនិព្វាន ខុសពីផ្លូវនេះមិនជាឋានៈឡើយ ។ ដូចសំពងក្បាលព្រាហ្មណ៍ទាំងឡាយ ព្រោះពួកគាត់ដឹកនាំឲ្យគោរពព្រះអាទិទេព មិនត្រូវមានការតាំងចេតនាអីទាំងអស់ អ្វីៗគឺស្រេចលើព្រះចាត់ចែង ជាកិច្ចការរបស់ព្រះជាម្ចាស់ យ៉ាងនេះជាដើម។

Comments