បើអ្នកគិតថា ៖ ខ្ញុំមិនអាចធ្វើបានទេ

U
ungsina

បើអ្នកគិតថា ៖ ខ្ញុំមិនអាចធ្វើបានទេ , អស់ផ្លូវហើយ គ្មានផ្លូវទេ , រកច្រកចេញមិនឃើញឡើយ , ដោះស្រាយមិនចេញទេ , វិលវល់អស់ហើយ , ចប់ហើយ , ....គំនិតទាំងនេះមានន័យថា អ្នកកំពុងតែលុបចោលអំណាចឋាមពលចិត្តខ្លួនឯង អ្នកបានឃាត់ឃាំងឲ្យ Subconscious ឈប់ធ្វើការ នោះអ្នកនឹងទទួលបានចម្លើយឆ្លើយតបពី Subconscious ដូចទៅតាមគំនិតដែលអ្នកបានគិតជាមិនខាន ។ Subconscious បានចូលរួមក្នុងដំណើរការស្វយ័ត្យផ្សេងៗជាច្រើនដូចជា ចលនការសំរបសំរួលអឆន្ទៈ(Mecanisme homeostasis , System autonom) មានដូចជាចលនាដង្ហើម ចលនាក្រពះពោះវៀន ចលនាបេះដូង ដូច្នេះគំនិតអវិជ្ជមានខាងលើក៏មានផលប៉ះពាល់ដល់សុខភាពដែរ អ្នកនឹងទទួលអារម្មណ៍ថប់ក្នុងទ្រូង ពិបាកដកដង្ហើម តឹងណែនក្នុងក្បាល ឆ្អល់កាងក្នុងពោះពិបាករំលាយអាហារ ទល់លាមក ឬ រាក កើនជាតិពុលក្នុងខ្លួន ងាយមានកោសិកាមហារីកកើតឡើងជាដើម ព្រោះតែការគិតមិនល្អរបស់ខ្លួនឯង ។ បើចង់ឲ្យ Subconscious ធ្វើការបានល្អ បានសម្រេចគោលដៅដែលខ្លួនប៉ងប្រាថ្នា ចូរគិតពិចារណាបញ្ចូលតែទិន្នន័យណា ដែលត្រឹមត្រូវចាំបាច់ កុំជ្រួលច្របល់អន្ទះសារ ទុកឲ្យSubconscious ឬឋាមពលចិត្ត បំពេញការងាររបស់វា ឲ្យបានចប់ចុងចប់ដើមចុះ ! ។ ព្រះមហាមោគ្គល្លាន បានត្រាស់ថា បើបុណ្យយើងមាន យើងប៉ងប្រាថ្នាអ្វី ក៏បានសម្រេចដែរ ។ ព្រះនាង អសន្ធិមិត្តា ហេតុតែបុណ្យពីបុព្វេបានដាស់តឿន នាងព្រហើនហ៊ានអង្គុយនៅលើរានហាលមុខផ្ទះ មិនព្រមចុះមកដីក្រាបថ្វាយបង្គំព្រះបាទអសោកមហារាជ ត្រាតែព្រះរាជាដាក់អាជ្ញាឲ្យយកសំពត់៥០០កីមកថ្វាយនៅថ្ងៃស្អែកឲ្យខាងតែបាន ។ ព្រះនាងនឹកឆ្ងល់ខ្លួនឯងជាខ្លាំង តើហេតុអីក៏ខ្លួនថ្លើមធំពាសមេឃហ៊ានធ្វើដូច្នេះដាក់ព្រះរាជាទៅវិញ ? ទីបំផុតត្រូវលើកដៃបួងសួងសុំបុណ្យពីមេឃដី រហូតក្តៅដល់ឋានមហាព្រហ្មជាមិត្ត លោកចុះមកជួយ ។​ បើជីវិតធ្វើឲ្យអ្នកទន់ជង្គង់ចុះ កុំឲ្យខាតឲ្យសោះ ! អ្នកលើកដៃបួងសួងទៅចុះ ! រំលឹកដល់បុណ្យកុសលដែលខ្លួនបានធ្វើ រំលឹកដល់ពពួកញាតិជាទេវតា ជាព្រហ្ម សូមឲ្យលោកយាងចុះមកជួយបើកផ្លូវដើម្បីចេញឲ្យរួចពីឧបសគ្គក្នុងជីវិតឲ្យបាន ! សាធុ ៗ ខ្ញុំធ្លាប់មានពិសោធក្នុងរឿងនេះរួចមកហើយ ! ។

Comments