បន្លាវាគ្រាន់តែជាបន្លា

V

បន្លាវាគ្រាន់តែជាបន្លា វាមិនដែលធ្វើឲ្យអ្នកណាឈឺចាប់ដោយសារវាទេ បើគេមិនប៉ះពាល់វាទេនោះ ហើយមានតែអ្នកដែលដើរជាន់វាដោយគ្មានស្មារតីទេដែលទទួលការឈឺចាប់ដោយសារវា។ចំណែករឿងរ៉ាវក្នុងលោកក៏ដូចគ្នា មានតែអ្នកជាប់ប្រកាន់ជាមួយវាតែប៉ុណ្ណោះដែលទទួលការឈឺចាប់។ពេលដែលជីវិតបានជួបបញ្ហា ត្រូវរិះរកវិធីដោះស្រាយជាធម្មតា តែចិត្តមិនត្រូវជាប់ប្រកាន់ រហូតដល់មានការឈឺចាប់ជាមួយបញ្ហាទាំងនោះឡើយ។ឥឡូវនេះមានរឿងប្តីក្បត់ចិត្ត ត្រូវយកបញ្ញាទាំងអស់មកពិនិត្យមើលខ្លួនឯង កន្លែងណាមិនសមត្រូវផ្លាស់ប្តូរភ្លាម កន្លែងណាមានភាពទាក់ទាញត្រូវយកមកប្រើឲ្យអស់សមត្ថភាព ភាពផ្អែមល្ហែម ភាពទន់ភ្លន់ ការអាណិតស្រឡាញ់។ល។មិនមែនត្រូវពាក់មុខយក្ស បញ្ចេញក្រញ៉ាំខ្លាសំងំរង់ចាំចាប់កំហុសនោះទេ ក៏មិនមែនត្រូវដេកបង្ហូរទឹកភ្នែកឲ្យក្តៅក្បាលរហូតឆ្កួតវង្វេងស្មារតីដែរ ! ពេលជួបបញ្ហាត្រូវស្វែងរកវិធីដោះស្រាយឲ្យបានល្អ មិនមែនផ្តោតចិត្តទៅលើតែបញ្ហានោះទេ ! ក្តៅសុីរាក់ ត្រជាក់សុីជ្រៅ ពាក្យនេះមិនបានយកការសងសឹកធ្វើជាអត្ថន័យឡើយ ត្រជាក់យកឈ្នះក្តៅអស់មួយជីវិតទើបជាការត្រឹមត្រូវ ! ។

Comments