មនុស្សម្នាក់ក្លាយទៅជាមនុស្សឆ្កួតក្នុងរឿង នយោបាយ មនោគមវិជ្ជា ជំនឿសាសនា គឺមកពីគេជាប់ប្រកាន់ក្នុងគំនិតយោបល់មួយចំនួន ដែលគេគិតឃើញដោយខ្លួនឯង ក្រោយពីយកទស្សនៈទាំងនោះមកកែឆ្នៃតាមការយល់ឃើញរបស់គេ កែឆ្នៃអំពីធម្មជាតិនៃព្រះនិងសកលលោក ដែលទីបំផុតក្លាយទៅជាមនុស្សដែលមានជំនឿទទេរស្អាតទាំងអស់ ប៉ុន្តែប្រកបដោយគ្រោះថ្នាក់ជាទីបំផុត ។ យុវជននៅជប៉ុនម្នាក់ បានផ្តាច់បំពង់ឧស្ម័នឲ្យឆេះអាគារស្លាប់អស់មនុស្សរាប់រយនាក់ នៅក្នុងហេតុផលជួយសង្គ្រោះមនុស្សទាំងនោះឲ្យរួចពីទុក្ខលំបាកក្នុងការរស់នៅ មេសាសនាធំៗខ្លះ សម្លាប់សមាជិកខ្លួនឯងអស់រាប់រយនាក់ ដោយគិតឃើញថា ដើម្បីទៅរស់នៅជុំគ្នាក្នុងតំបន់សេរីភាព សុខសន្តិភាពមួយ ដែលមិនពាក់ព័ន្ធជាមួយគំនិតអ្នកដទៃ ទាំងអស់គ្នាសុទ្ធតែស្លាប់ដោយការពេញចិត្តទាំងអស់ ។ តាមវិជ្ជាពេទ្យពន្យល់ថា ក្នុងខ្លួនមនុស្សសុទ្ធតែមានបង្កប់ដោយហ្សែនវិកលចរិតគ្រប់ៗគ្នា ប៉ុន្តែអ្នកណាដែលងប់ងល់ក្នុងគំនិតហួសហេតុពេក ហ្សែននោះនឹងលេចឡើង បញ្ជាឲ្យសារធាតុជីវៈគីមីក្នុងខួរក្បាលដំណើរការខុសប្រក្រតីជាមិនខាន(វ័យ១៥ឆ្នាំឡើង ដែលងប់ងល់ក្នុងរឿងទស្សនៈវិជ្ជា នយោបាយនិងសាសនាហួសហេតុពេក ជៀសមិនផុតពីធ្លាក់ខ្លួនឈឺនោះទេ) ។

