តើហេតុម្តេចទើបនាំឲ្យសង្ឃបែកបាក់គ្នាទៅព្រះអង្គ ?

V

សម័យមួយព្រះឧបាលិបានទូលសួរព្រះមានព្រះភាគថា តើហេតុម្តេចទើបនាំឲ្យសង្ឃបែកបាក់គ្នាទៅព្រះអង្គ ? ព្រះបរមគ្រូបានត្រាស់សម្តែងថាៈ
ការសម្តែងអ្វីដែលមិនមែនជាធម៌ថាជាធម៌ សម្តែងធម៌ថាមិនមែនជាធម៌ មិនមែនវិន័យថាជាវិន័យ សម្តែងវិន័យថាមិនមែនជាវិន័យ តថាគតមិនបានពោល បែរជាថាតថាគតបានពោល តថាគតបានពោលបែរជាថាតថាគតមិនបានពោល សិក្ខាបទមិនបានបញ្ញត្តិថាបញ្ញត្តិ សិក្ខាបទបានបញ្ញត្តិថាមិនបានបញ្ញត្តិ អនាបត្តិជាអាបត្តិ អាបត្តិជាអនាបត្តិ សម្តែងធម៌ខុសថាត្រូវ ត្រូវថាខុស នាំឲ្យមានភាពវឹកវរក្នុងសាសនា ទើបមានការបែកបាក់គ្នាដូច្នោះឯង ។ បុគ្គលណានាំឲ្យមានការបែកបាក់ភិក្ខុសង្ឃរាប់ពី៩អង្គឡើងទៅ(ម្ខាងបួន)នឹងឆេះក្នុងភ្លើងនរកអស់មួយកប្ប បុគ្គលណាពោលពាក្យបង្រួបបង្រួមសង្ឃដែលបានបែកគ្នាហើយ ឲ្យបានព្រមព្រៀងគ្នាឡើងវិញ រមែងបានទទួលបុណ្យដ៏ប្រសើរ គឺរីករាយសោយសុខក្នុងឋានសួគ៌អស់មួយកប្ប ! ។ ភិក្ខុទាំងឡាយបានស្តាប់ហើយ រីករាយចំពោះគាថាព្រះមានព្រះភាគ ។
លោភៈជាប្រភពនៃសេចក្តីវិនាស លោភៈជាប្រភពនៃការបែកបាក់ លោភៈនាំមកនូវទុក្ខ ឬសគល់នៃអកុសលធម៌ក្នុងលោក គឺមកពី លោភៈ ទោសៈ មោហៈ នេះឯង ។

Comments