កុំចាំទាល់តែអ្នកមានការងារធ្វើ

V

អាយុចូលក្បាល២០បណ្តើរៗហើយ យុវវ័យយើងម្នាក់ៗក៏ចាប់ផ្តើមមាននូវការងារធ្វើបាន និងអាចរកប្រាក់ចំណូលឲ្យខ្លួនឯងបណ្តើរៗ ដោយមិនចាំបាច់ពឹងពាក់ទៅលើហិរញ្ញវត្ថុដែលគាំទ្រពីអាណាព្យាបាលតទៅទៀតហើយ។ បើសិនជាយើងនិយាយអំពីដំណាក់កាលនៃហិរញ្ញវត្ថុវិញ អ្នកកំពុងតែឋិតនៅចន្លោះរវាង ដំណាក់កាលទី១-Financial Dependency ឆ្លងចូលទៅ ទៅដំណាក់កាលទី២-Financial Solvency ហើយ ដែលវាអាចបញ្ជាក់បានថាអ្នកមានលទ្ធភាព និងទំហំការសម្រេចទៀតសោតក៏ធំទូលាយជាងមុនដោយសារតែអ្នកមានប្រភពហិរញ្ញវត្ថុធំជាងមុន។ ប៉ុន្តែយូរយូរទៅ ប្រសិនបើអ្នករាល់គ្នា ​មិនបានធ្វើការពិនិត្យ គ្រប់គ្រងផែនការចំណូលចំណាយរបស់អ្នកឲ្យបានត្រឹមត្រូវនឹងច្បាស់លាស់ទេ ​អ្នកនឹងចូលទៅក្នុងអន្ទាក់របស់លុយជារៀងរាល់ខែមិនខាននោះទេ។ អត្ថបទខាងក្រោមនេះគឺសម្រាប់យុវវ័យក្នុងវ័យស្របាលៗ២០ឆ្នាំ រឺអ្នកទើបតែនឹងចេះរកប្រាក់ចំណូលដំបូងៗដោយខ្លួនឯង ដើម្បីជួយអ្នកក្នុងការកែប្រែស្ថានភាពហិរញ្ញវត្ថុព្រមទាំងជួបញ្ជៀសពីហានិភ័យការធ្លាក់ចូលអន្ទាក់លុយនៅពេលអនាគត៖
ទី១. ឈប់ធ្វើខ្លួនដូចជា Zear
« ចាយ ដើម្បីរស់ ​មិនមែនរស់ព្រោះដើម្បីតែចាយ»
(Zear ​អានថា ហ្ស៊ៀរ) ជាគ្រាមភាសាដែលយុវវ័យយើងច្រើនហៅទៅលើគូកន រឺពួកម៉ាកណាដែលមានលុយចាយហូរហៀរពេញៗដៃ រឺក៏ងាយស្រួលស្គាល់ថាជា Rich Kid ក៏បាន។ ​ទម្លាប់ខ្លួនធ្វើជា (ហ្ស៊ៀរ)អាចមើលឃើញបានតាមរយៈការលេងនូវសម្ភារៈនិយមថ្មីៗ ឡូយឆាយ កាលីបៗ ​Cool Cool រឺចូលចិត្តកំសាន្តអារម្មណ៍សឹងតែលោះថ្ងៃ។ គេចូលចិត្តចាយវាយ ប៉ាវមិត្តភក្តិ ដើម្បីយកការទាក់ចិត្តអារម្មណ៍អ្នកដ៏ទៅ រឺចង់ឲ្យគេគោរពនឹងដើរតាមខ្លួន។ មានប្រភេទយុវវ័យខ្លះទៀត ដែលក៏អាចហៅបានថាជាហ្ស៊ៀរបានផងដែរ ដោយសារតែទម្លាប់ចាយវាយខ្ជះខ្ជាយតាមតែអារម្មណ៍របស់គាត់ ដោយពួកគាត់ចូលចិត្តប្រាក់ចំណូលដែលគាត់ទើបតែរកបានបន្តិចបន្តួចពីប្រាក់ខែដំបូងៗហ្នឹង យកទិញសម្ភារៈក្រៅខ្លួនថ្មីៗ មិនថាទូរស័ព្ទដៃ ម៉ូតូ កាបូបម៉ាកល្បីថ្មីៗ ឲ្យទាន់សេរីនឹងគេនឹងឯងដែរដោយមិនបានគិតពីប្រាក់ដែលត្រូវចាយសម្រាប់ខែនេះនៅឡើយផង។ ទាំងអស់នេះជាសុទ្ធសឹងតែជាទម្លាប់ដែលកើតមកពីការទំយើរខ្លួន របស់គ្រួសារផង និងសាមីខ្លួនផង ហើយយូរយូរទៅវាក៏អូសបន្លាយក្លាយជាទម្លាប់អាក្រក់ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទម្លាប់ហិរញ្ញវត្ថុប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។
ទី២. រៀបចំ និងគ្រប់គ្រងការបញ្ជីចំណូលចំណាយរបស់អ្នក
តើអ្នកជាមនុស្សដែលឧស្សាហ៍ជួបបញ្ហាដាច់លុយជារៀងរាល់ខែមែនទេ? រឺក៏ពេលខ្លះ អ្នកមានអារម្មណ៍ថា ប្រាក់ខែអ្នកដូចជារៀងច្រើនដែរ ក៏ប៉ុន្តែយ៉ាងមិចក៏រាល់ខែ ចំណូលរាល់ខែដូចជាមិនគ្រាន់សម្រាប់ចំនាយជារៀងរាល់ខែសោះ?
ទាំងនេះ អាចបណ្តាលមកពី ការដែលមិនបានររៀបចំបញ្ជីចំណូលចំនាយត្រឹមត្រូវ។ ចំពោះយុវវ័យដែលទើបនឹងទទួលបានប្រាក់ខែដំបូងៗ ច្រើនមានការធ្វេសប្រហែលនឹងរឿងតូចតាចទាំងអស់នេះ ហើយច្រើនមើលរំលង ទម្លាប់តូចៗក្នុងការសន្សំលុយកាក់របៀបនេះ។ ក្នុងដំណាក់ដំបូងក្នុងការកត់ត្រានិងគ្រប់គ្រងការបញ្ជីចំណូលចំណាយប្រចាំខែរបស់អ្នក ពួកយើងសូមធ្វើការណែនាំមិត្តៗទាំងអស់គ្នាប្រើប្រាស់វិធីសាស្រ្ត “ខាខេបូ” ក្នុងការសរសេរកត់ត្រានូវចំណូល និងប្រភេទចំណូលដែលអ្នកមាន ជាមួយនឹងការសរសេរចេញនូវប្រភេទចំណាយផ្សេងៗទៅតាមសប្តាហ៍ រួចក៏សរុបជាប្រចាំខែតែម្តង។

Comments