សមាធិ សតិប្បដ្ឋាន វិបស្សនា មានន័យដូចម្តេច ?

V

សមាធិ សតិប្បដ្ឋាន វិបស្សនា មានន័យដូចម្តេច ?...
១ - សមាធិ = អង្គធម៌គឺជា "ឯកគ្គតាចេតសិក" ជាធម្មជាតិដែលតាំងបាន នៅនឹងអារម្មណ៍តែមួយ (អារម្មណ៍ណាមួយរបស់កម្មដ្ឋាន) - ជាធម្មជាតិដែលធ្វើឲ្យចិត្តស្ងប់ នៅនឹងអារម្មណ៍តែមួយនោះ ។
២ - សតិប្បដ្ឋាន = អង្គធម៌គឺជាតួ "សតិចេតសិក" ដែលរឭកបាន ឬ ដែលរឭកដល់អារម្មណ៍កម្មដ្ឋាន - សតិ(តួរឭកដល់)+បដ្ឋាន (ទីតាំងនៃសតិមាន ៤ គឺ កាយ វេទនា ចិត្ត ធម៌) ។ សតិប្បដ្ឋាន គឺជាកម្មដ្ឋានខាងដើមរបស់វិបស្សនា ឬសតិប្បដ្ឋានជាមគ្គខាងដើមនៃមគ្គមានអង្គ ៨ ។ សតិប្បដ្ឋានជាមគ្គខាងដើម វិបស្សនាជាមគ្គកណ្តាល មគ្គមានអង្គ ៨ ជាមគ្គខាងចុង ។ មគ្គនេះហៅថា "ឯកាយនមគ្គ" - ជាមគ្គដែលមានតែមួយ នៅក្នុងព្រះសាសនា ដែលអាចនាំសត្វលោកឲ្យរួចផុតពីសេចក្តីទុក្ខ នៃសង្សារវដ្ត ឲ្យចេញផុតពីការកើតចាស់ឈឺស្លាប់ ។
៣ - វិបស្សនា = អង្គធម៌គឺតួ "បញ្ញាចេតសិក" ជាកម្មដ្ឋានមួយដែលធ្វើឲ្យកើតបញ្ញា មើលឃើញនាមរូបតាមសភាវៈពិត ថាមិនទៀង(ប្រែប្រួលជានិច្ច) ជាទុក្ខ(មិនគួរឲ្យប្រាថ្នា ឬមិនជាទីប្រាថ្នា) ជាអនត្តា (មិនមែនជាអត្តាតួខ្លួន ដែលខ្លួនមានអំណាចចាត់ចែងនោះទេ វាកើតឡើងដោយហេតុប្បច្ច័យរបស់វា ហើយវាក៏រលត់ទៅវិញក៏ដោយសារហេតុប្បច្ច័យរបស់វាដែរ) ។ ការឃើញត្រៃលក្ខណ៍(លក្ខណៈទាំង ៣)បែបនេះរបស់នាមរូប នឹងធ្វើឲ្យអ្នកបដិបត្តិដកអាល័យពីនាមរូប អស់អាល័យពីនាមរូប លែងប្រាថ្នានាមរូប ប្រាថ្នាចង់ចេញពីនាមរូប ចង់លះនាមរូប កាន់តែខ្លាំងឡើងៗ រហូតដល់លះនាមរូបបានសម្រេច(លះអស់)កាលណា មគ្គចិត្តក៏កើតឡើងកាលណោះដែរ ធ្វើឲ្យមគ្គចិត្តកើតឡើង ៤ ដង សម្រេចជាព្រះអរហន្ត អស់កិច្ចដែលត្រូវលះទៀតហើយ អស់កិច្ចដែលត្រូវធ្វើទៀតហើយ ដល់និព្វានហើយ រួចផុតចាកទុក្ខហើយ លែងមកកើតទៀតហើយ គឺរួចផុតពីសង្សារវដ្តនៃការកើតចាស់ឈឺស្លាប់ទៀតហើយ សម្រេចកិច្ចក្នុងព្រះសាសនាហើយ - ការលះកិលេសអស់ ការលែងមកកើតនេះ ជាគោលដៅចុងក្រោយរបស់ព្រះពុទ្ធសាសនា ។

Comments