ឲ្យតែចុតិគឺបដិសន្ធិហើយ តើហេតុអីនៅមានខ្មោចមកពីណា ? បើទៅកើតបាត់ហើយ តើចាំបាច់នាំគ្នាធ្វើចេតិយធំៗដាក់ឆ្អឹងដែលគ្រាន់តែជាដីនោះធ្វើអីទៀត ឆ្ងល់ដែរ ? ។
សាធុ ៗ ចម្លើយទីមួយគឺ ឲ្យតែចុតិ គឺត្រូវតែបដិសន្ធិហើយ ប៉ុន្តែបដិសន្ធិជាអមនុស្ស ដែលមិនទាន់បានត្រឡប់មកកើតជាមនុស្សនៅឡើយ ។ ពួកអមនុស្សមានច្រើនប្រភេទដូចជា ទេវតា ខ្មោច ព្រាយបិសាច ប្រេត អសុរកាយ យក្ស គន្ធព្វ ទេព្រ័ក្ស ម្រេញគង់វាល ។ល។ ខ្លះកាច ខ្លះស្លូត ខ្លះនៅជួយមើលថែកូនចៅដែលជាញាតិចាស់ ញាតិជាតិមុនរបស់ខ្លួនជាដើម ។ ការកើតជាអមនុស្ស ប្រភេទខ្លះអាចដឹងជាតិ នៅចាំជាតិបាន ទើបនៅអាល័យ នៅបង្ហាញខ្លួនឲ្យឃើញហៅថា ខ្មោចលងនេះឯង ។
ហេតុនេះយើងមិនដឹងថា អ្នកចែកឋានទៅ នឹងទៅកាន់ភពណាឋានណានោះទេ កិច្ចរបស់យើងគឺគប្បីទុកដាក់សាកសពរបស់ញាតិឲ្យបានសមរម្យ ទុកជាតំណាងគោរពបូជាក្នុងការរំលឹកគុណ ។ តែខាងអ្នកទស្សន៍ទាយ ចេះតែរកឃើញថា ការទុកដាក់សាកសពឬធាតុក្នុងចេតិយ ឬបញ្ចុះក្នុងដី ត្រូវមានតំណមអញ្ចេះអញ្ចុះ ត្រូវធ្វើយ៉ាងនេះយ៉ាងនោះ រកមើលថ្ងៃមង្គល កុំឲ្យឡាក់ឆុង ឬ មើលដីដង្ហើមនាគ ដីហុងស៊ុយជាដើម មនុស្សភ័យខ្លាចក្រ ចង់មានបានក៏ចេះតែបារម្ភពីរឿងនេះ ហើយនាំគ្នាជឿ តៗគ្នាមក ។ តែតាមការសង្កេត យើងឃើញថា ប្រទេសមហាអំណាច មិនមានជំនឿបែបនេះទេ ប៉ុន្តែគេគ្រប់គ្រងពិភពលោកបាន បើតាមខ្ញុំគិត គឺចេតិយតំណាងការគោរព ការស្រឡាញ់ទឹកដីមាតុភូមិ ស្រុកកំណើតដូនតា តែអ្វីៗគឺនៅលើបញ្ញាមនុស្សដដែលទេ ។

