រឿង ស្នេហារបស់យូ ហេរី

V
vannary

  នៅតាមផ្លូវ ណាមសុីនស្អីក៏មិននិយាយ ចំណែកខ្ញុំដែលអង្គុយពីក្រោយគេ។ ជាអ្នកសារភាពស្នេហ៍ប្រាប់គេទៅជាភ័យទៅវិញ...
«ណាមសុីន!» ខ្ញុំហៅគេតិចៗ...
«ត្រូវការពេលវេលាសម្រួលអារម្មណ៍សិនទេ? កុំបែបនេះអី ខ្ញុំភ័យ! ព្រោះខ្ញុំមិនអីពិតមែន..មិនស្រឡាញ់ថ្ងៃនេះក៏មិនប្រាកដថាមិនអាចស្រឡាញ់រហូតដែរ។តែបើនៅតែមិនអាចពិតមែន បំភ្លេចរឿងមុននេះចោលឱ្យអស់ទៅ ទុកថា ណាមសុីនមិនបានឮ ខ្ញុំនិយាយចុះ!»
«មិនអីពិតមែនអ្ហីនៀក?» គេងាកមកសួរខ្ញុំ។
«ពិតមែន! ចុះណាមសុីន ក៏មិនអីដែរ ហ្ន៎» ខ្ញុំសួរទៅគេទាំងបារម្ភ។ គេសើចតិចៗ ហើយនិយាយថា«ធូទ្រូងបន្ដិច! បើមិនអីពិតមែន!ល្អហើយ..កុំអស់ល្អនឹងគ្នា ណា៎ យូ ហេរី?»
«ពាក្យនេះ តាមពិតជាខ្ញុំទេដែលគួរនិយាយនោះ...» បន្ទាប់ពីសារភាពស្នេហ៍រួច ហើយក៏បរាជ័យ តែពួកយើងនៅតែអាចរក្សាចំណងមិត្តភាពនេះបានយ៉ាងល្អ។ បើសួរថា អន់ចិត្តទេ? គឺមានតិចតួច តែបើខ្ញុំជា ណាមសុីន ខ្ញុំក៏ប្រហែលជាធ្វើដូចជាគេដែរ...ប្រសិនបើខ្ញុំមិនបានស្រឡាញ់គេ ដូចគេមិនបានស្រឡាញ់ខ្ញុំនៅពេលនេះដូចគ្នា។ តែខ្ញុំនៅរង់ចាំ ណាមសុីន នៅកន្លែងរបស់ខ្ញុំ។ ខ្ញុំនឹងតែងតែមានវត្តមានគ្រប់ពេលដែល ណាមសុីនត្រូវការខ្ញុំ យើងនៅតែអាចរួមការងារជាមួយគ្នា ម្ដងម្កាលយើងហូបបាយជាមួយគ្នាតែយើងនៅតែជាដៃគូរគិតជាមួយគ្នា។ ព្រោះពីមុន និង ពេលនេះ ខ្ញុំនៅតែជាមនុស្សដែល ណាមសុីន ជឿ និង ទុកចិត្ត។
ការយល់ព្រម និង ទទួលស្គាល់ការពិត រួមនឹងការដែលខ្ញុំទុកចន្លោះពេលវេលាឱ្យគេ។ ហើយនៅតែល្អនឹងគេ និង បន្ដរង់ចាំគេនៅកន្លែងរបស់ខ្ញុំ...ហើយប្រើសមភាពជា យូ ហេរី...ខ្ញុំទទួលដឹងថា ណាមសុីន ចាប់ផ្ដើមធូរស្រាល និង ចាប់ផ្ដើមចូលជិតខ្ញុំច្រើនលើសពីមុន។
មិនថាចាប់ផ្ដើម ឬ បញ្ចប់គ្រប់យ៉ាងសុទ្ធតែត្រូវការពេលវេលាដើម្បីគិត និង រីកលូតលាស់។ ពេលនោះប្រសិនបើខ្ញុំ មិនព្រមទុកពេលឱ្យ ណាមសុីន ប្រសិនបើខ្ញុំស្អប់គេ ក្រោយគេបដិសេធ និង បើសិនខ្ញុំស្រាប់តែបាត់ខ្លួន គេចចេញពីគេទៅជារៀងរហូត។ ប្រហែលជាគ្មានឈ្មោះណាមសុីន និង យូ ហេរីបោះលើធៀបការ នា២ឆ្នាំបន្ទាប់មកទេ។
ពីមនុស្សស្រីដែលមិននៅក្នុងក្ដីស្រមៃគេ តែអាចមកនៅក្នុងផ្ទះដែលគេទិញទុកជាចំណងដៃ អាចគេងនៅក្នុងបន្ទប់តែមួយជាមួយគេ អាចបើកភ្នែកឡើងមកពេលព្រឹក ឃើញមុខរបស់គេបាននៅក្នុងផែនទ្រូងរបស់គេ គឺជា យូ ហេរីខ្ញុំនេះឯង។
«នៅស្រឡាញ់ខ្ញុំទៀតទេ?» ជាសំនួរដែលសួរដោយបុរសដែលខ្ញុំបានសារភាពស្នេហ៍កាលពី ពីរឆ្នាំមុន។បើខ្ញុំខ្វះភាពអត់ធ្មត់ ខ្ញុំប្រហែលជាមិនបានឮពាក្យនេះទេ ហ្ន៎! ដឹងអត់ថាខ្ញុំឆ្លើយយ៉ាងម៉េច?ចំលើយគឺ៖ ខ្ញុំមិនដែលឈប់ស្រឡាញ់បងទេ និយាយរួមគឺគ្មានថ្ងៃឈប់ស្រឡាញ់បង!
«រៀបការជាមួយបង បានអត់?»
«បាន...» ប្រតិកម្មរហ័សនៅតែជាខ្ញុំ ព្រោះមិនចង់ខាតពេលជាងនេះទៀតទេ។
«បង ស្រឡាញ់អូន យូ ហេរី...»។
នេះហើយជាភាគបញ្ចប់នៃស្នេហារបស់ យូ ហេរី។
#ពេលខ្លះស្នេហាមិនត្រូវការ #ការព្យាយាមតែវាត្រូវការភាពអត់ធ្មត់ និង ការរង់ចាំ។

ដោយ៖ ស្រទន់មន្ដស្នេហ៍

Comments