
ក្នុងលោកនេះគ្មានទេភាពស្ថិតស្ថេរសម្រាប់ជីវិត កុំប្រាថ្នាក្ដោបក្ដាប់គ្រប់យ៉ាងជាកម្មសិទ្ធិរបស់យើងឱ្យសោះ។ រូបភាពដែលបានឃើញគ្រាន់តែជាស្រមោលបញ្ឆោតជីវិតឱ្យវង្វេងក្នុងវាលវដ្ដសង្សារ ប្រៀបដូចរស្មី ភ្លេចបន្តភ្លឺតែមួយខណៈរួច ក៏រលាយបាត់អស់ទៅបើ យើងមិនចង់វង្វេងផ្លូវក្នុងពិភពស្នេហ៍គ្មានរូបរាង ចាំបាច់ត្រូវជ្រើសរើសផ្លូវដើរតែមួយគត់។ មិនថាយើងអាចដើរដល់គោលដៅ ឬមិនដល់នោះទេយើងត្រូវតែតស៊ូបេាះជំហានទៅមុខដោយប្រាកដប្រជា មិនថាស្នេហាមួយនេះអាចក្លាយជារបស់យើង ឬមិនអាចក៏ដោយក៏យើងត្រូវតែរក្សាភក្ដីភាពក្នុងបេះដូងតែមួយ ពេលខ្លះបានត្រឹមសម្លឹងមើលឃើញស្រមោលបេះដូងរបស់ខ្លួន ក៏ជាក្ដីសុខសម្រាប់ជីវិតយើងហើយ។
រឿងរ៉ាវនៅក្នុងបេះដូងមិនខុសពីថ្ងៃជួបនិងថ្ងៃព្រាត់ទេ ពេលបានជួបរួចហើយក៏ព្រាត់ទៅ ប៉ុន្តែបន្ទាប់ពីព្រាត់រួចក៏អាចជួបគ្នាវិញ។ គ្រប់យ៉ាងសុទ្ធតែពឹងលើនិស្ស័យស្នេហ៍ និងក្ដីព្យាយាមរបស់យើង សំខាន់បំផុតត្រូវចេះប្រើខ្សែជីវិតឱ្យដូចជាខ្សែចាប៉ី កុំធ្វើអ្វីដោយរឹតបន្តឹងខ្លាំងពេកព្រោះធ្វើឱ្យខ្សែចាប៉ីអាចដាច់បានគ្រប់ពេលវេលា។ មិនថាយើងអាចសម្រេចចិត្តធ្វើអ្វីឡើយ ត្រូវចេះបន្ធូរដៃឱ្យអ្នកដទៃក៏ដូចជាឱ្យខ្លួនឯង ទើបធ្វើឱ្យសំឡេងចាប៉ីលាន់ឮពិរោះបាន។
អត្ថបទ៖ ម៉ៅ សំណាង (ទន្សាយ)