មិនមែនជាជម្រើស

V
vannary


អ្នកខ្លះមិនបានជ្រើសរើសយើងតាំងពីដំបូងទេ ព្រោះគេគ្រាន់តែចាត់ទុកយើងជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនរបស់គេ ឬពេលខ្លះយើងបានត្រឹមតែជាជម្រើសចុងក្រោយរបស់គេប៉ុណ្ណោះ។ ក្លាយជាជម្រើសរបស់គេពេលខ្លះវាជារឿងល្អ ប៉ុន្តែឱកាសល្អមានមិនច្រើនទេបើយើងគ្រាន់តែជាជម្រើស។

បើចុងក្រោយគេសម្រេចជ្រើសរើសយកយើងក៏មិនដឹងថាគេត្រូវបោះបង់ចោលមនុស្សប៉ុន្មាននាក់ដើម្បីយើង តែបើមិនជ្រើសយកយើងទេ នោះយើងក៏ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនទៀតដែលត្រូវបានគេបោះបង់ចោល។ អ៊ីចឹងជីវិតពេលខ្លះយើងមិនមែនត្រូវធ្វើជាមនុស្សដែលរង់ចាំឱកាសដែលគេអាចជ្រើសរើសនោះទេ តែត្រូវសាងខ្លួនឱ្យមានសមត្ថភាពក្នុងការជ្រើសរើសដែរទើបប្រសើរ។

ប្រសិនបើមនុស្សដែលយើងស្រឡាញ់ និងមនុស្សដែលស្រឡាញ់យើងគឺជាមនុស្សតែមួយវានឹងមិនចាំបាច់ឱ្យនរណាម្នាក់ក្នុងចំណោមមនុស្សពីរនាក់នោះទទួលអារម្មណ៍ខកចិត្តទេ ប៉ុន្តែបើសិនវាគ្រាន់តែជារឿងដែលពេលខ្លះអាចកើតឡើង ហើយពេលខ្លះវាមិនកើតឡើង។ អ៊ីចឹងការព្រមទទួលយក ហើយប្រឈមមុខវាជាជម្រើសដែលប្រសើរជាងគេបំផុត។

អត្ថបទ៖ សៀវភៅជីវិត 

Comments