ខ្ញុំឃើញរូបនេះ ត្រូវបានផុសលើបណ្ដាញសង្គមហ្វេសប៊ុក និងមានការសរសេរបកស្រាយនានាទៅតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ ដោយពួកគេខ្លះលើកឡើងអំពីភាពខុសគ្នានៃផ្នត់គំនិតរបស់មនុស្សប្រុស និងមនុស្សស្រី។ អ្នកខ្លះថា មនុស្សប្រុសសុខចិត្តចោលប្រពន្ធកូន ដើម្បីជួយឪពុក ហើយមនុស្សស្រីសុខចិត្តលះបង់ជីវិត ដើម្បីជួយកូនជាដើម។ល។ អ្នកខ្លះសរសេរក្នុងន័យបន្ដុះបង្អាប់មនុស្សប្រុសថែមទៀតផង។ ខ្ញុំចេះតែឆ្ងល់ថាវាអ៊ីចឹងមែនក៏អី? មិនអស់ចិត្ត ខ្ញុំក៏បានស្រាវជ្រាវរកមើលប្រភពដើម និងអត្ថន័យនៃរូបនេះ ក៏រកឃើញថា រូបនេះ គឺត្រូវបានគូរដោយវិចិត្រករដ៏ចំណានម្នាក់របស់បារាំង លោកស្រី Joseph Désiré Court កាលពីឆ្នាំ១៨២៦។ រូបគំនូរនេះ គឺជាឆាកឈុតមួយ ដែលស្រង់ពីសាច់រឿងនៅក្នុងព្រះគម្ពីមួយឈ្មោះថា Genesis God Flooded ដែលនិយាយអំពីទឹកជំនន់ជន់លិចផែនដី ហើយនៅសល់តែគ្រួសារមួយ ដែលមានដូចក្នុងរូបនេះ។ ប៉ុន្ដែ អ្វីដែលបង្កប់នៅក្នុងអត្ថន័យនេះ គឺវិចិត្រករ លោកស្រី Joseph ចង់បង្ហាញពីរឿងរ៉ាវ ដែលមាននៅក្នុងជីវិតរប្រចាំថ្ងៃរបស់យើងម្នាក់ៗទៅវិញទេ។ រូបឪពុកចាស់ដែលកំពុងជិតលិចចុះទៅក្នុងទឹកនោះ គឺតំណាងឲ្យអតីតកាលរបស់យើងម្នាក់ៗ ហើយរូបប្រពន្ធនោះ គឺតំណាងឲ្យជីវិតបច្ចុប្បន្ន និងរូបកូនតំណាងឲ្យពេលអនាគត។ តាមអត្ថន័យរូបនេះ បានសេចក្ដីថា ទោះបីពេលខ្លះ យើងខំប្រឹងខ្វាទាញអតីតកាលវាឲ្យត្រឡប់មកវិញយ៉ាងណា ក៏នៅតែមិនអាចធ្វើទៅបានដែរ ហើយប្រសិនបើនៅតែប្រឹងតោងទាមអតីតកាលខ្លាំងពេក នោះយើងអាចនឹងត្រូវបាត់បង់វេលាបច្ចុប្បន្ន និងអនាគតដ៏ស្រស់ស្អាតរបស់យើងជាក់ជាមិនខាន។ ដូច្នេះ សូមប្រើប្រាស់ពេលវេលាបច្ចុប្បន្នរបស់អ្នកឲ្យមានប្រយោជន៍បំផុត ដើម្បីអាចទទួលបានអនាគតដ៏ស្រស់ត្រកាល ជាជាងចំណាយពេលគិតអំពីអតីតកាលដែលមិនអាចត្រឡប់វិញ។

