យ៉ាងណាមិញ បើនិយាយនៅក្នុងបរិបទប្រទេសដទៃ គេអាចនឹងយល់ថា ប្រទេសឥណ្ឌា ពុំសូវជាមានអនាម័យ ដោយសារតែ ដៃអាចនឹងមានផ្ទុកទៅដោយរោគបាក់តេរីផ្សេងៗដែលងាយបង្កចេញជាជំងឺដល់សរីរាង្គកាយ ប្រសិនជាពុំបានលាងសម្អាតត្រឹមត្រូវ។ ម្យ៉ាងទៀតសោត ទាក់ទិនទៅនឹងការទទួលទានអាហារនាសម័យបច្ចុប្បន្ននេះ គឺគេប្រើសម ស្លាបព្រា... ដើម្បីចាប់យកម្ហូបអាហារមកទទួលទាន គឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែរក្សាអនាម័យកំឡុងពេលហូបចុក។ ចុះហេតុអ្វីបានជាជនជាតិឥណ្ឌាមិនប្រើប្រាស់នូវឧបករណ៍ប្រើប្រាស់ទាំង ស្របពេលដែលប្រទេសឥណ្ឌា ក៏មានកន្លែងផលិតសម ស្លាបព្រា...ផងដែរ?
ផ្អែកទៅតាមការចុះផ្សាយរបស់គេហទំព័រ best of vegan និង indiatoday បានលើកបង្ហាញនូវមូលហេតុចម្បងៗចំនួន៣យ៉ាងដែលជនជាតិឥណ្ឌាចូលចិត្តប្រើដៃសម្រាប់ចាប់កាន់អាហារ
១. ម្រាមដៃទាំង៥ ស្មើរនឹងធាតុទាំង៥ការញ៉ាំដោយដៃ ត្រូវបានគេជឿថា រាងកាយរបស់យើងមានភាពស៊ីសង្វាក់គ្នាជាមួយនឹងធាតុទាំងប្រាំនៃធម្មជាតិ ហើយម្រាមដៃនីមួយៗ គឺជាផ្នែកបន្ថែមនៃធាតុមួយក្នុងចំណោមធាតុទាំងប្រាំនេះ៖
-មេដៃ ជាផ្នែកនៃលំហ
-ម្រាមចង្អុល ជាធាតុខ្យល់
-ម្រាមកណ្តាល ជាធាតុភ្លើង
-ម្រាមដៃនាង ជាធាតុទឹក
-ម្រាមដៃកូន ជាធាតុដី
ហេតុនេះហើយ នៅពេលប្រើម្រាមដៃទាំងអស់ចាប់កាន់អាហារ ប្រៀបដូចជា នាំមកនូវធាតុផ្សំទាំងអស់នៃធម្មជាតិ បង្កើននូវ រសជាតិ ក្លិន និងសីតុណ្ហភាពនៃអាហារ។ ជាងនេះទៀតសោត នៅពេលអ្នកប៉ះអាហាររបស់អ្នកដោយដៃរបស់អ្នក អ្នកកំពុងបង្កើតទំនាក់ទំនងផ្លូវកាយ និងវិញ្ញាណថែមទៀតផង។
២. ជំរុញឱ្យមានការផ្តោតអារម្មណ៍លើការទទួលទាន៖ ការញ៉ាំដោយដៃ អាចទាញនូវការយកចិត្តទុកដាក់របស់អ្នកទទួលទានទៅលើអាហាររបស់ខ្លួន។ ការអនុវត្តនេះ ត្រូវបានគេស្គាល់ថាជា ការញ៉ាំដោយចិត្ត។ ម្យ៉ាងទៀតសោត នៅពេលដែលយើងប៉ះអាហារដោយដៃ ខួរក្បាលផ្តល់សញ្ញាដល់ក្រពះឱ្យត្រៀម ដើម្បីកិនរំលាយ។ កត្តានេះហើយ វាអាចជួយក្រពះក្នុងការត្រៀមខ្លួន ដើម្បីកិនរំលាយអាហារដែលអ្នកនឹងទទួលទាន និងជួយសម្រួលដល់ការរំលាយអាហារ។
៣. តើស្លាបព្រា មានអនាម័យកម្រិតណា?៖ ជនជាតិឥណ្ឌា មុនពេលដែលទទួលទាន ឬចាប់កាន់អាហារគេតែងតែលាងដៃជានិច្ច មិនថាការទទួលទានអាហារនៅផ្ទះ ភោជនីដ្ឋាន ឬអាហារនៅទីកន្លែងណានោះឡើយ។ ដោយឡែកក្នុងករណីនៃការប្រើប្រាស់ស្លាប់ព្រា ដើម្បីការទទួលអាហារនៅភោជនីយដ្ឋានភាគច្រើន អ្នកប្រាកដទេថា ស្លាបព្រានោះមានអនាម័យកម្រិតណា? តើយើងរស់នៅលើផែនដី ធ្វើដូចម្តេច ដើម្បីដឹងថាស្លាបព្រាមានអនាម័យ?
ជារួមមកវិញ ការបកស្រាយខាងលើនេះ គឺជាដើមហេតុដែលជនជាតិនៅបន្តការពេញនិយមប្រើដៃសម្រាប់ទទួលទានអាហារ។ តែយ៉ាងណាមិញ ក្នុងទិសដៅអនាម័យ ការទទួលទានដោយដៃបែបនេះ គឺពុំសូវជាមានផាសុខភាពជាប៉ុន្មាននោះទេ។ ដោយហេតុថា ដៃរបស់យើងអាចនឹងមានបាក់តេរីជាច្រើនងាយតោងជាប់ខ្លាំងណាស់ ខណៈពេលដែលចាប់កាន់របស់ណាមួយ។ ហើយជាងនេះទៀតសោត ក្នុងលក្ខខណ្ឌញ៉ាំអាហារជុំក្រុមគ្រួសារ ឬបុគ្គលណាម្នាក់ យើងមិនដឹងថា បុគ្គលនោះមានផ្ទុកនូវជំងឺអ្វីក្នុងខ្លួនឡើយ ហើយប្រសសិនបើទទួលទានក្នុងបរិបទបែបនេះ ច្បាស់ណាស់សុខភាពរបស់អ្នកអាចនឹងត្រូវរងនូវជំងឺប្រភេទនោះដោយងាយបំផុត។
ហើយសម្រាប់ប្រធានបទមួយនេះផងដែរ គ្រាន់តែជាការស្រាយនូវចម្ងន់ដែលបានចោទមានឡើងអស់ជាពេលជាច្រើនកន្លងមកនេះ៕

